ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈ ជូនគ្រប់ស្ថាប័នអនុវត្តលទ្ធកម្ម
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ ២០២៥

    នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥, នៅសណ្ឋាគារសុខាភ្នំពេញ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈ ជូនគ្រប់ស្ថាប័នអនុវត្តលទ្ធកម្ម។ សិក្ខាសាលានេះដឹកនាំដោយ ឯកឧត្តម ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ឯកឧត្តម ង៉ាន់ ភិរម្យ អគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមន្ទីរជំនាញរាជធានី ខេត្ត ព្រមទាំង អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានការចូលរួមផ្ទាល់នៅសណ្ឋាគារសុខាភ្នំពេញ និងចូលរួមតាមប្រព័ន្ធអនឡាញ ដោយប្រើប្រាស់កម្មវិធី Zoom សរុបប្រមាណ ១ ៣៥៩នាក់។
    គោលបំណងនៃការរៀបចំសិក្ខាសាលានាថ្ងៃនេះគឺ ដើម្បីផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹង លទ្ធកម្មសាធារណៈចំនួន ៦ ជូនដល់គ្រប់ស្ថាប័នអនុវត្តលទ្ធកម្ម ឱ្យបានយល់កាន់តែច្បាស់ និងស៊ីជម្រៅលើខ្លឹមសារក្នុងលិខិតបទដ្ឋានគតិយុត្ត ដែលរាជរដ្ឋាភិបាលទើបនឹងអនុម័តថ្មីៗទាំង ៦នេះ និងយកទៅអនុវត្តឱ្យបានត្រឹមត្រូវប្រកបដោយប្រសិទ្ធភាពខ្ពស់។
    លិខិតបទដ្ឋានទាំង៦រួមមាន៖ អនុក្រឹត្យចំនួន២ និងប្រកាសចំនួន៤ រួមមាន៖
១. អនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការលទ្ធកម្មនិងអង្គភាពលទ្ធកម្ម
២. អនុក្រឹត្យស្តីពីបែបបទនិងនីតិវិធីនៃការប្តឹង និងការដោះស្រាយបណ្តឹងតវ៉ាលទ្ធកម្ម
៣. ប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមលទ្ធកម្ម
៤. ប្រកាសស្តីពីការគ្រប់គ្រងការអនុវត្តកិច្ចសន្យាលទ្ធកម្ម
៥. ប្រកាសស្តីពីប្រាក់កក់ធានាការដេញថ្លៃ និងប្រាក់កក់ធានាការអនុវត្តកិច្ចសន្យា និង
៦. ប្រកាសស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការដោះស្រាយបណ្តឹងតវ៉ាលទ្ធកម្ម។



ព័ត៌មានទាក់ទង